ភ្នំពេញ៖ សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០១២-២០១៣ អ្នកជាប់និទ្ទេស A មានចំនួនតិចជាងការប្រឡងឆ្នាំទៅ ពោលឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ចំនួន ៨៦នាក់ ខណៈឆ្នាំសិក្សា ២០១១-២០១២ មានរហូតដល់ ១០៥នាក់។ មន្រ្តីក្រសួងអប់រំបញ្ជាក់ថា ការជាប់ធ្លាក់ច្រើន ឬតិចអាស្រ័យលើសមត្ថភាព របស់សិស្សពីមួយជំនាន់ទៅមួយជំនាន់ មិនមែនព្រោះការបែកធ្លាយវិញ្ញាសារដូចការចោទប្រកាន់ គ្មានមូលដ្ឋាននោះទេ។
លទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១២-២០១៣ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យដឹងហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣។ ការប្រឡងបាក់ឌុបឆ្នាំនេះ សិស្សដែលបានប្រឡងជាប់មានចំនួន ៩១.៣ ៧០នាក់ ស្មើប្រមាណ ៨៦,៧៧ភាគរយ កើនជាងឆ្នាំកន្លងទៅ ០,២៩ភាគរយ។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ នៃក្រសួងអប់រំ យុវជន និង កីឡា បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងផងដែរថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេសនៅឆ្នាំនេះ មានចំនួន ៨៦នាក់ ខណៈនិទ្ទេស B មានរហូតដល់ជាង ៥ពាន់នាក់។





