ព្រះបរមរាជវាំង មានកំពែងព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយកំពែងខាងកើតប្រវែង៤២១ម ខាងលិចប្រវែង៤៣៥ម ខាងជើងប្រវែង៤៨៤ម និងខាងត្បូងប្រវែង៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦-១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។
ព្រះបរមរាជវាំង កសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូលចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យ និងទ្វារខ្មោច ស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើតដែរ តែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ច នៅឯទីវាលមេរុ។
សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ផងដែរ៕
ដោយ៖ ខេមរិន o(O_O)o
Written by បុរសស៊ីវិល័យ // August 3, 2013 // ម៉ូដនិយម, ម៉ូដស្ថាបត្យកម្ម //
0 comments:
Post a Comment