Powered by Blogger.
RSS

បាក់ឌុបឆ្នាំនេះ និទ្ទេស A ៨៦នាក់ និងនិទ្ទេស B ជាង៥ពាន់នាក់

- មន្រ្តីក្រសួងអប់រំ៖ ការជាប់ធ្លាក់របស់សិស្ស ស្ថិតនៅលើសមត្ថភាព
ភ្នំពេញ៖ សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០១២-២០១៣ អ្នកជាប់និទ្ទេស A មានចំនួនតិចជាងការប្រឡងឆ្នាំទៅ ពោលឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ចំនួន ៨៦នាក់ ខណៈឆ្នាំសិក្សា ២០១១-២០១២ មានរហូតដល់ ១០៥នាក់។ មន្រ្តីក្រសួងអប់រំបញ្ជាក់ថា ការជាប់ធ្លាក់ច្រើន ឬតិចអាស្រ័យលើសមត្ថភាព របស់សិស្សពីមួយជំនាន់ទៅមួយជំនាន់ មិនមែនព្រោះការបែកធ្លាយវិញ្ញាសារដូចការចោទប្រកាន់ គ្មានមូលដ្ឋាននោះទេ។
លទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១២-២០១៣ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យដឹងហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣។ ការប្រឡងបាក់ឌុបឆ្នាំនេះ សិស្សដែលបានប្រឡងជាប់មានចំនួន ៩១.៣ ៧០នាក់ ស្មើប្រមាណ ៨៦,៧៧ភាគរយ កើនជាងឆ្នាំកន្លងទៅ ០,២៩ភាគរយ។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ នៃក្រសួងអប់រំ យុវជន និង កីឡា បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងផងដែរថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេសនៅឆ្នាំនេះ មានចំនួន ៨៦នាក់ ខណៈនិទ្ទេស B មានរហូតដល់ជាង ៥ពាន់នាក់។

សិស្សប្រឡង់ជាប់បាក់ឌុបឆ្នាំនេះ កើនលើសឆ្នាំទៅ ០,២៩ភាគរយ តែសិស្សជាប់និទ្ទេស A តិចជាងឆ្នាំទៅចំនួន  ១៩នាក់។
លទ្ធផលប្រឡងឆ្នាំនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃថា បានឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់  សិស្សានុសិស្ស ដែលបានខិតខំសិក្សា ហើយក៏បាននិងកំពុងមានភាពល្អប្រសើរពីមួយជំនាន់ទៅមួយជំនាន់ដែរ។
លោក អ៊ឹង ង៉ោហុក បានគូសបញ្ជាក់ថា សមត្ថភាពសិស្សឆ្នាំនេះ កើនលើសពីឆ្នាំទៅបន្តិច ព្រោះលទ្ធផលប្រឡង បានបង្ហាញថា កើនលើសពីឆ្នាំទៅផងដែរ។
លោកក៏ប្រាប់ឲ្យដឹងផងដែរថា យន្តការ នៃការប្រឡង ចាប់ពីថ្ងៃប្រឡង រហូតដល់ថ្ងៃប្រកាសលទ្ធផល ត្រូវបានធ្វើ ឡើងយ៉ាងម៉ត់ចត់ និងចែកចេញជា ៣ដំណាក់កាល គឺដំណាក់កាលសំណេរ កំណែ និងបូកសរុបពិន្ទុ ហើយរាល់ ដំណាក់កាលនីមួយៗ ត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ពីលោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អ៊ឹម សិទ្ធី។
ទោះបីជាក្រសួងបានវាយតម្លៃពីភាពល្អប្រសើរ នៃការប្រឡង និងសមត្ថភាពរបស់សិស្សយ៉ាងណាក្តី តែលោក រ៉ុង ឈុនប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ បានយល់ថា លទ្ធផលនេះមិនបានឆ្លុះបញ្ចាំងពីភាពល្អប្រសើនោះ ទេ ដោយចោទប្រកាន់ថា បណ្តាលមកពីក្នុងស្ថានភាពពេលប្រឡង មានភាពមិនប្រក្រតីកើតឡើង ដូចជាការបែក ធ្លាយវិញ្ញាសារ កើតចេញពីអំពើពុករលួយជាដើម។
ឆ្លើយតបទៅនិងការរិះគន់នេះ លោក អ៊ឹង ង៉ោហុក បានបញ្ជាក់ថា ការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលដូចគ្នា នោះទេ តែងមានការប្រែប្រួលជារៀងរាល់ឆ្នាំ គឺអាស្រ័យទៅលើសមត្ថភាពរបស់សិស្ស ហើយក្រសួងមានយន្តការ និងគោលការណ៍ច្បាស់លាស់ ក្រោមការយកចិត្តទុកដាក់ដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងអប់រំ រហូតដល់ចេញលទ្ធផល ។ ពាក់ព័ន្ធការបែកធ្លាយវិញ្ញាសារនៅពេលប្រឡងនោះ លោក អ៊ឹង ង៉ោហុក បញ្ជាក់ជាថ្មី វាគ្រាន់តែជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានគ្រប់គ្រាន់តែប៉ុណ្ណោះ។
លោក អ៊ឹង ង៉ោហុក ទោះបីជាលទ្ធផលនៃការប្រឡងហាក់មានភាពល្អប្រសើរយ៉ាងណាក្តី តែលោកបានឲ្យដឹងថា នាយកដ្ឋានធម្យមសិក្សាចំណេះដឹងទូទៅនៅតែបន្តដាក់ចេញនូវវិធានការណ៍ និងគោលការណ៍ថ្មីៗបន្ថែមទៀត ព្រមទាំងសិក្សានូវចំណុចខ្វះខាត និងកែលំអឡើងវិញ សម្រាប់ការសិក្សា និងការប្រឡងនៅឆ្នាំក្រោយៗទៀត។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេសមានចំនួន ១០៥.២៩៧នាក់ មានមណ្ឌលប្រឡងមាន២៣៤ និងបន្ទប់ចំនួន ៤.៣៩០បន្ទប់ ក្នុង២៤ខេត្ត-ក្រុង និងមានរយៈពេលប្រឡង ២ថ្ងៃកន្លះ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment