Powered by Blogger.
RSS

ឆមាសទី១ ការនាំចេញ របស់កម្ពុជា កើនឡើង ២៦% ខណៈនាំចូល កើន១៨%


ភ្នំពេញ៖ ការនាំចេញ ផលិតផលរបស់កម្ពុជា ទៅកាន់បរទេសនៅឆមាសទី១ ឆ្នាំ២០១៣ នេះបានកើនឡើង ២៦ ភាគរយ ខណៈដែលការនំាចូលមកវិញ បានកើន១៨ភាគរយផងដែរ។
មន្ត្រីនិយាយថា ការកើនឡើងនេះ ដោយសារតែកម្ពុជាមាន ស្ថិរភាពនយោបាយល្អ ទីផ្សារទំនិញមានសុវត្ថិភាព ជីវភាពប្រជាជនធូរធារជាងមុន។
តួលេខផ្លូវការ ដែល LookingTODAY ទទួលបានពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៣ ខែសីហា បានបញ្ជាក់ថា នៅឆមាសទី១នេះ កម្ពុជានាំចេញផលិតផល គិតជាទឹកប្រាក់មានជាង
៣.១៤៩លានដុល្លារ អាមេរិក កើនឡើង២៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានចំនួនតែជាង ២.៤៩៨លាន ដុល្លារ អាមេរិកប៉ុណ្ណោះ។  ចំណែកការនាំចូលវិញ នៅឆមាសទី១នេះមាន គិតជាទឹកប្រាក់ជាង ៤.៥៧៩ លាន ដុល្លារអាមេរិក កើនឡើង ១៨ភាគរយ ដែលរយៈពេលដូចគ្នាឆ្នាំមុន មានតែ ៣.៨៦៤ លានដុល្លារអាមេរិក។
ប្រធាននាយកដ្ឋានស្ថិតិ នៃក្រសួងពាណិជ្ជកម្មលោក គង់ ពុទ្ធារ៉ា ឲ្យដឹងថា ការកើនឡើង នៃការនាំចេញនេះ ដោយសារតែកម្ពុជា ជាប្រទេសមាន ស្ថិរភាពនយោបាយល្អ ទីផ្សារនាំចេញរបស់កម្ពុជា មានសុវត្ថិភាព ខណៈ ដែលបរិយាកាសសេដ្ឋកិច្ចសកល មានភាពល្អប្រសើរឡើងវិញ។ ហើយថា កត្តាជីវភាពរបស់ប្រជាជន មានជំរុញ ឲ្យមានតម្រូវការកើនឡើង ទើបធ្វើការនាំចូលកើនឡើងផងដែរ។
ផលិតផលចំបងៗ ដែលកម្ពុជានំាចេញទៅបរទេស រួមមានដូចជា អង្ករ សម្លៀកបំពាក់ ជ័រកៅស៊ូ ជាដើម រីឯ ផលិតផលនាំចូលវិញ មានដូចជា វត្ថុធាតុដើមបម្រើវិស័យកាត់ដេរ ប្រេងឥន្ធនះ គ្រឿងសំណង់ និងយានជំនិះ ជាដើម។ វិស័យកាត់ដេរ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចកម្ពុជា។
បើតាមតួលេខដដែល បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៣ នេះការនាំចេញសំលៀកបំពាក់ គិតជាទឹកប្រាក់មាន ចំនួនជាង ២.៥១៣លានដុល្លារអាមេរិក កើនឡើង១៩ភាគរយ ខណៈរយៈពេលដូចគ្នា កាលពីឆ្នាំមុនមានជាង ២.១០២លានដុល្លារអាមរិក។
មានការព្រួយបារម្ភ ពីការធ្លាក់ចុះនៃវិស័យកាន់ដេរនេះ ដោយសារនៅរយៈពេល ក្រោយការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ គេឃើញកម្មករ-កម្មាការិនី រោងចក្រកាត់ដេរ មួយចំនួនមានភាពភ័យខ្លាច ខ្លះមិនទាន់ហ៊ាន ចូលមកបម្រើការងារវិញនោះទេ ព្រោះតែការគម្រោមធ្វើបាតុកម្ម ពីសំណាក់គណបក្សចាញ់ឆ្នោត។ តែទោះយ៉ាងណាក៏ដោយ មន្ត្រីពាណិជ្ជកម្មយល់ឃើញថា ស្ថានភាពនឹងវិលមករកដូចធម្មតាវិញ ក៏ព្រោះតែ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំ ធ្វើឲ្យនយោបាយប្រទេស មានស្ថិរភាពល្អ។
លោក គង់ ពុទ្ធារ៉ា មានប្រសាសន៍ថា «បើសិននយោបាយប្រទេសខ្មែរ មិនជាប់គាំងទេនោះ ការនាំចេញរបស់កម្ពុជានឹងបន្តទៅមុខ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ ការនាំចេញរបស់កម្ពុជា មានចំនួនទឹកប្រាក់ជាង ៥.៤៨៧ លានដុល្លារអាមរិក ខណៈការនាំចូល គិតជាទឹកប្រាក់ជាង ៨.១៣៩លានដុល្លារអាមេរិក៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment