ដោយ អាន ស៊ីថាវ
ស្របពេលដែលប្រជាកសិករទាមទារឲ្យអ្នកទិញកសិផលផ្តល់តម្លៃខ្ពស់ ជាពិសេសដំណាំស្រូវ អាជ្ញាធរបានរិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីដំឡើងថ្លៃកសិផលនេះ។ ប៉ុន្តែ អ្នកសេដ្ឋកិច្ចបានអះអាងថា ការដំឡើងថ្លៃកសិផលបាន លុះត្រាតែមានការជ្រោមជ្រែង ឬការសម្របសម្រួលរកទីផ្សារពីរដ្ឋាភិបាល រួមទាំងមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយទិញកសិផលនោះពីប្រជា កសិករជាដើម។ ក្រុមអ្នកសេដ្ឋកិច្ចទាំងនោះបានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពទីផ្សារកសិផលនៅកម្ពុជា បច្ចុប្បន្ន មានឱកាសតិចណាស់ដែលអាចជំរុញឲ្យតម្លៃនោះឡើងខ្ពស់បាន។
រៀងរាល់ឆ្នាំ ប្រជាកសិករនៅទូទាំងប្រទេសតែងតែរអ៊ូពីតម្លៃកសិផលរបស់គាត់មាន តម្លៃថោក ស្របពេលដែលថ្លៃដើមផលិតកសិកម្មបន្តកើនខ្ពស់។ ស្របពេលដែលប្រជាកសិករផលិតបាន ប៉ុន្តែគ្មានទីផ្សារគ្រប់គ្រាន់ ឬលក់បានថោក ប្រជាកសិករមួយចំនួនបានបោះបង់អាជីពជាអ្នកធ្វើកសិកម្មជាបណ្ដើរៗ និងស្វែងរកការងារក្រៅពីកសិកម្មមកជំនួសវិញ។ ប្រជាកសិករមួយចំនួន ធ្វើចំណាកស្រុកទៅទីក្រុង ធ្វើជាកម្មករសំណង់ ឬស្វែងរកឱកាសការងារក្រៅប្រទេសជាដើម។
អ្នកសេដ្ឋកិច្ចបានពន្យល់ទៀតថា ដើម្បីធានាឲ្យកសិផលកសិកម្មមានតម្លៃខ្ពស់បាន គឺត្រូវមានអន្តរាគមន៍ពីរដ្ឋាភិបាល តាមរយៈគោលនយោបាយឧបត្ថម្ភធន ឬការកំណត់ថ្លៃកសិផលអប្បបរមាជាដើម។ ម៉្យាងវិញទៀត រដ្ឋាភិបាលត្រូវបង្កើនសមត្ថភាពកែច្នៃប្រមូលទិញស្រូវក្នុងស្រុក ដើម្បីជៀសវាងការនាំចេញស្រូវក្រៅផ្លូវទៅបរទេស និងដើម្បីជៀសវាងការលក់កសិផលកម្ពុជា ពឹងលើប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃ។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា ទីផ្សារស្រូវអង្ករនៅកម្ពុជា ខ្វះការសម្របសម្រួលពីរដ្ឋាភិបាល។ ម៉្យាងវិញទៀត ថ្លៃដើមផលិតបានបន្តកើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាតម្លៃប្រេងសាំង ជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ បន្ថែមលើនេះ រដ្ឋាភិបាលហាក់មានគោលនយោបាយលើកកម្ពស់សម្រាប់តែអ្នកនាំចេញអង្ករ និងជួយជ្រោមជ្រែងតិចតួចដល់កសិករ ដែលជាអ្នកផលិតស្រូវ។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា កត្តាមួយចំនួនដែលស្រូវមិនអាចលក់បានតម្លៃខ្ពស់បាន ដោយសារតែអត្រាការប្រាក់ខ្ពស់ និងសមត្ថភាពក្នុងការថែរក្សាទុកស្រូវនៅមានកម្រិតនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុននាំចេញអង្ករឡូរ៉ង់ (Loran) លោកឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍ថា ទីផ្សារស្រូវរបស់កម្ពុជា ពឹងលើប្រទេសជិតខាង។ បច្ចុប្បន្ន តម្លៃស្រូវនៅកម្ពុជា បានធ្លាក់ថ្លៃដោយសារតែប្រទេសថៃ ដែលធ្លាប់ទិញស្រូវពីកម្ពុជា ត្រូវបានផ្អាក។ ម៉្យាងវិញទៀត រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា មិនអាចស្រូបយកបរិមាណស្រូវដែលកសិករផលិតបាន យកទៅកែច្នៃទាំងអស់នោះទេ។ បញ្ហានេះ ដោយសារតែកត្តាសំខាន់ពីរ គឺខ្វះធនធានហិរញ្ញវត្ថុ និងខ្វះរោងម៉ាស៊ីនកែច្នៃស្រូវ។
លោកឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍បន្ថែមទៀតថា តម្លៃអង្ករហាក់ដូចជាមិនបានឡើងថ្លៃខ្ពស់ណាស់ណានៅរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ដោយសារតែការប្រែប្រួលអត្រាប្ដូរប្រាក់ ឬតម្លៃលុយដុល្លារអាមេរិក ចុះថោក។
លោកឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍បន្ថែមថា តម្លៃស្រូវនៅកម្ពុជា កសិករលក់បានថ្លៃខ្ពស់ជាងប្រទេសវៀតណាម។ លោកបញ្ជាក់ថា ក្នុងនាមជាកសិករ អាចចំណេញច្រើន បើប្រើប្រាស់កម្លាំងពលកម្មមកពីសមាជិកគ្រួសារ ប៉ុន្តែបើប្រើប្រាស់គ្រឿងចក្រ នឹងចំណេញតិច។
បន្ថែមលើបញ្ហានេះ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍ថា បើធៀបទៅតម្លៃទំនិញផ្សេងៗ ចំណូលរបស់ប្រជាកសិករហាក់ដូចជាកើនឡើងតិចតួចនៅរយៈពេលចុងក្រោយ នេះ ដោយសារតែបម្រែបម្រួលអត្រាប្ដូរប្រាក់។
លោកឧកញ៉ា គឹម សាវុធ មានប្រសាសន៍បន្ថែមថា កត្តាសំខាន់បីដែលជួយជំរុញជីវភាពកសិករឲ្យធូរធារបាន ទីមួយ គឺការប្ដូរពូជស្រូវដាំដុះ ដែលជាតម្រូវទីផ្សារអន្តរជាតិ។ ទីពីរ គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកលែងពន្ធលើដីកសិកម្ម និងធាតុចូល ដែលបម្រើឲ្យវិស័យកសិកម្មផ្សេងទៀត។ ទីបី ការផ្សព្វផ្សាយអំពីការប្ដូរពូជស្រូវដល់កសិករឲ្យបានទូលំទូលាយ។
អ្នកជំនាញខាងកសិកម្ម បានបង្ហាញថា កសិករដែលដាំស្រូវមានពីរប្រភេទ គឺការដាំជាលក្ខណៈគ្រួសារដែលមានដីទំហំតូច និងកសិករជាអ្នកដាំស្រូវសម្រាប់លក់នៅលើទីផ្សារ។ ក្នុងចំណោមអ្នកដែលផលិតស្រូវជាលក្ខណៈគ្រួសារ ភាគច្រើនប្រឈមនឹងការចំណាយខ្ពស់លើការផលិត និងលក់បានចំណូលតិច។
ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្ម សេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា មានមធ្យោបាយដែលជួយកសិករមានដីតិច អាចធ្វើ ស្រែចំណេញបាន គឺ ការប្រើបច្ចេកទេសធ្វើស្រែក្នុងទំហំដីតូច ដែលបានទិន្នផលច្រើន និងមិនប្រើជី និងថ្នាំគីមី ដែលអង្គការ សេដាក ហៅថា "ស្រែខ្លឹម"។
ទោះជាយ៉ាងក៏ដោយ ស្ថាប័នស្រាវជ្រាវមួយចំនួនបានរកឃើញថា ប្រទេសកម្ពុជា មានប្រជាកសិករជាច្រើនដែលដីទំហំតូចសម្រាប់ធ្វើកសិកម្ម និងយល់ដឹងតិចតួចលើការធ្វើស្រែលើទំហំដីតូច។ ការស្រាវជ្រាវដោយធនាគារពិភពលោក (World Bank) កន្លងមក បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨០% មានដីតិចជាងមួយហិកតារ ដែលតំណាងឲ្យ ២០% នៃផ្ទៃដីសរុបនៅកម្ពុជា។
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានអភិវឌ្ឍន៍អន្តរជាតិ របស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ការឡើងថ្លៃអង្ករនៅតំបន់អាស៊ី ដោយសារថ្លៃដើមផលិតកម្មឡើងថ្លៃដែរ ដូចជាថ្លៃពលកម្ម ប្រេងសាំង ជី រួមទាំងការកើនឡើងស្តុកទុកអង្កររបស់ប្រទេសដែលផលិតអង្ករធំជាង គេលើពិភពលោក ដូចជាប្រទេសចិន ឥណ្ឌា និងប្រទេសថៃ។ តាមការប៉ាន់ស្មាន បរិមាណអង្ករដែលបានស្តុកទុក បានកើនឡើងពី ៧៥លានតោន នៅឆ្នាំ២០០៧ ដល់ ១០៥លានតោននៅឆ្នាំ២០១២៕
0 comments:
Post a Comment