សុខ ធារ៉ា
ក្រសួងដឹកជញ្ជូនវៀតណាម បានផ្ញើលិខិត្តស្នើសុំទៅកាន់រដ្ឋាភិបាលរួចហើយ ដែលមានខ្លឹមសារ ចង់ឲ្យបង្កើតព្រលានយន្តហោះថ្មីមួយ ដែលមានឈ្មោះថា Long Thanh ជំនួសឲ្យការពង្រីកព្រលានយន្តហោះTan Son Nhat។
តាមគម្រោង បានបង្ហាញថា ការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងមានចម្ងាយប្រហែល៤០គីឡូម៉ែត្រនៅភាគឦសានទីក្រុងហូជីមិញ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទឹកប្រាក់ចំនួន៨ពាន់លានដុល្លារ។ ព្រលានថ្មីនេះនឹងសាងសង់លើផ្ទៃដីទំហំ៥ ,០០០ហិកតា ដែលអាចទទួលអ្នកធ្វើដំណើរចំនួនរហូតដល់១០០លាននាក់ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ថា ព្រលានយន្តហោះTan Son Nhat ដែលមានរយៈចម្ងាយប្រហែល៦គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុងហូជីមិញ នឹងមិនអាចមានសមត្ថភាពទទួលភ្ញៀវបានតទៅទៀតទេនៅក្រោយឆ្នាំ២០២០ ខណៈដែលគេព្យាករថា នឹងមានអ្នកធ្វើដំណើរលើសពីសមត្ថភាពរបស់ព្រលាននេះ ដែលផ្ទុកបានអតិបរមាចំនួន២៥លាននាក់នោះ ។
គម្រោងថ្មីនេះត្រូវបានអនុវត្តដោយនាយករដ្ឋមន្ត្រីវៀតណាម ហើយដំណាក់កាលសាងសង់ដំបូងអាចចាប់ផ្តើមនៅឆ្នាំក្រោយ និងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕ (ដោយៈថា ថៃ)
0 comments:
Post a Comment