ប្រជាជន​​រស់​នៅ​ខេត្ត​សៀមរាប ដែល​មាន​លំនៅ​ក្បែរ​ទីលាន​ប្រកួត អាច​អញ្ជើញ​មក​ទស្សនា “ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី​អាគ្នេយ៍​​លើក​ទី២ The 2nd SEA Vovinam Championship 2013″ បាន​ដោយ​សេរី។
សកម្មភាពប្រកួតវ៉ូវីណាមនៅ ព្រឹកមិញ​នេះ
ការ ​ប្រកួត​ធ្វើ​នៅ​សណ្ឋាគារ​សុខាល័យ ក្នុង​សាល​ជាន់​ទី៥ (ទល់​មុខ​ភូមិវប្បធម៌) ​ចាប់​ពី​ថ្ងៃ​ទី ២៩ ដល់ ៣០ ឧសភា ឆ្នាំ​២០១៣  ដោយ​ចាប់​​ម៉ោង​ ពី​ម៉ោង ៨ ព្រឹក ដល់ ១២ ថ្ងៃ​ត្រង់ និង ចាប់​ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៦ ល្ងាច។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ឡើង​ថា ការ​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​គឺ​ដើម្បី​បង្ហាញ​ដល់ ​ភ្ញៀវ​ទេចរណ៍ ក៏​ដូចជា​ប្រជាជន​នៅ​ក្នុង​តំបន់​បាន​ទស្សនា។ លោក​សង្ឃឹម​ថា​ក្រុម​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​​ក្នុង​ការ​ប្រកួត​ នេះ។   ការ​ប្រកួត​នេះ​ជា​ម៉ែត្រ​វាស់​ស្ទង់​​សមត្ថភាព​កីឡាករ​មុន​ពេល​ ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៣ មក​ដល់។ ការ​រៀបចំ​ការ​ប្រកួត​ដោយ​រលូន​នេះ​ក្រោម​ការ​ជួយ​សហការ​ពី​សហព័ន្ធ​កីឡា​ វ៉ូវីណាម​អាស៊ីអាគ្នេយ៍។
ការ​ប្រកួត​កីឡា​វ៉ូវីណាម​ ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន ៥ រួម​មាន​ មីយ៉ាន់ម៉ា វៀតណាម ឡាវ ឥណ្ឌួណេស៊ី និង កម្ពុជា​​ជា​ម្ចាស់​ផ្ទះ ក្នុង​នោះ​មាន​អត្ត​ពលិក​ប្រមាណ​ជា ១៩០ នាក់។ ចំណែក​វិញ្ញាសា​​ដាក់​ឱ្យ​ប្រកួត​មាន ២ គឺ ប្រយុទ្ធ និង សម្ដែង៕

អត្ថបទ៖ ម៉ឺន រស្មី