ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ​ ផ្លូវ​ក្រាល​កៅ​ស៊ូ​មួយ​ខ្សែ​តែង​នាំ​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​ ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយ​ដ្ឋាន​​ដ៏​ល្បី​មួយ ​ នោះ​គឺ​ភ្នំ​បាណន់។ រម្មណីយដ្ឋាន​នេះ​ស្ថិត​នៅ​ចង្ងាយ​ប្រមាណ​ជា​២៥​គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត ​បាត់ដំបង​ ដែល​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​តាម​ឡាន​ ម៉ូតូ​ ឬ​រឺម៉ក។

ហេតុ ​អ្វី​បាន​ជា​ប្រជាជន​មក​ពី​គ្រប់​ទិសទី​​និយម​ទៅ​លេង​តំបន់​នោះ? តើ​តំបន់​នោះ​មាន​អ្វី​ពិសេស? រមណីយដ្ឋាន​ភ្នំ​បាណន់​នេះ​ មាន​ប្រាសាទ​បុរាណ​មួយ​នៅ​លើ​កំពូល​ភ្នំ​ និង​ល្អាង​ពីរ​នៅ​ពី​ខាង​ក្រោយ​ភ្នំ​ ដែល​ទាក់​ទាញ​មនុស្ស​ម្នា​ទៅ​កម្សាន្ត​មិន​សូវ​ដាច់​ឡើយ។
អ្វី​ដែល​ ពិសេស​របស់​តំបន់​រមណីយដ្ឋាន​នេះ​ គឺ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​អាច​អង្គុយ​ទទួល​ទាន​អាហារ​ កម្សាន្ត​សប្បាយ​ ក្រោម​ម្លប់​ឈើ​ត្រជាក់​ នៅ​​ក្បែរ​មាត់​បឹង​ ដែល​មាន​​​ទឹក​ថ្លា​យង់។ អ្នក​ខ្លះ​តែង​ឡើង​ទៅ​លើ​ភ្នំ​ដែល​មាន​ប្រាសាទ​បាក​បែក​នៅ​លើ​នោះ​ តាម​ជណ្ដើរ​បុរាណ​ជា​ច្រើន​កាំ។
អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​រមណីយដ្ឋាន ​ប្រាសាទ​បាណន់​នេះ​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ គឺ​តាម​ដង​ផ្លូវ​​ទៅ​​កាន់​ទី​នោះ​ ប្រជាជន​បាន​ដាំ​ដំណាំ​ថ្មី​មួយ​ប្រភេទ​​ នោះ​គឺ​ទំពាំង​បាយ​ជូ​ មុន​គេ​បង្អស់​​ក្នុង​ស្រុក​ខ្មែរ។ ឥឡូវ​ទំពាំង​បាយ​ជូ​របស់​ប្រជាជន​ខ្មែរ​​នៅ​ទី​នោះ​ផលិត​បាន​ជា​ស្រា​ ដែល​ចូលរួម​ទាក់​ទាញ​ភ្ញៀវ​​ពី​គ្រប់​ទិសទី​ មក​ភ្លក់​ និង​មើល​ផ្លែ​ទំពាំង​បាយជូ​ទាំង​នោះ​ ជា​រៀង​រាល់​ថ្ងៃ។
អីចឹង​ បើ​ប្រិយមិត្ត​មិន​ទាន់​បាន​ទៅ​ទស្សនា​តំបន់​រម្មណីយដ្ឋាន​នេះ​ទេ​ ពេល​មាន​ឱកាស​បាន​ទៅ​បាត់ដំបង​ គួរ​ឆៀង​​ចូល​លេង​បន្តិច​ទៅ។ ទាំង​ម្ចាស់​ចម្ការ​ទំពាំង​បាយជូ​ និង​រមណីយដ្ឋាន​ប្រាសាទ​បាណន់​នឹង​ស្វាគមន៍​អ្នក​មិន​ឲ្យ​ខក​ចិត្ត​ឡើយ។

អត្ថបទ៖ មាស រ័ត្ន