ដោយ ​គ្រាន់​តែ​​ឆ្លង​ស្ពាន​ព្រែក​ក្ដាម​ទៅ​ត្រើយ​ខាង​កើត​ ដល់​មុខ​វត្ត​មុនីសាគរ​ គេ​នឹង​ឮ​សំឡេង​ដំ​ជា​ច្រើន​បណ្ដាក់​គ្នា​ឥត​ដាច់​ ចេញ​ពី​ក្នុង​ភូមិ​មួយ​នៅ​ទី​នោះ​ ដែល​មាន​ឈ្មោះ​ថា ​ភូមិ​កោះចិន។ កាល​ណា​គេ​ដើរ​តម្រង់​ទៅ​រក​សំឡេង​នោះ​  គេ​នឹង​ប្រទះ​ឃើញ​មនុស្ស​ម្នា​ មិន​ថា​មនុស្ស​ចាស់​ ឬ​យុវជន​ទេ​ ​អង្គុយ​ក្នុង​លំនៅស្ថាន​របស់​ខ្លួន​ ដោយ​ក្នុង​ដៃ​មាន​ញញួរ​ និង​ពន្លាក​ កំពុង​តែ​ផ្ចង់​ស្មារតី​ជាមួយ​នឹង​បន្ទះ​ស្ពាន់​ ឬ​ប្រាក់​នៅ​ពី​មុខ​គេ។

ពួក ​គេ​កំពុង​តែ​ឆ្លាក់​ស្ពាន់​ ឬ​ប្រាក់​ទាំង​នោះ​ឲ្យ​ទៅ​ជា​ផ្តិល​​​ ជា​ភាជន៍​ ឬ​ជា​របស់​របរ​ផ្សេង​ទៀត។ ប្រជាជន​ស្ទើរពេញ​មួយ​ភូមិ​កោះ​​ចិន​ ប្រកប​មុខ​របរ​ជាង​ទង​នេះ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​បច្ចុប្បន្ននេះ​ ភូមិ​របស់​គេ​ហាក់​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ទៅ​ហើយ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស។
ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ​ ភ្ញៀវ​ទេសចរ​​ត្រូវ​បាន​ដឹក​ទាំង​កប៉ាល់​ៗ​មក​ទំលាក់​លើ​កោះ​នេះ​ ដើម្បី​ឲ្យ​ចូល​ទស្សនា​ការងារ​សិប្បកម្ម​របស់​ប្រជាជន​ក្នុង​ភូមិ​នេះ។ ថ្វី​ត្បិត​តែ​របស់​របរ​ទាំង​នេះ​ធ្វើ​ដោយ​ដៃ​ក្តី​ រូប​ផ្កា​ភ្ញី​ រូប​ប្រាសាទ​អង្គរ​វត្ត​ និង​រូប​ក្បាច់​ក្បូរ​ជា​ច្រើន​ទៀត​ត្រូវ​បាន​រំលេច​លើ​ថាស​ ភាជន៍​ ផ្ដិល​ ចាន ប្រកប​ដោយ​ទេព្យ​កោសល្យ​សិល្បៈ។
នៅ​ទី​នេះ​ ប្រជាជន​បាន​បង្រៀន​កូន​ចៅ​របស់​គេ​អំពី​ការ​ឆ្លាក់​ស្ពាន់​ ឬ​ប្រាក់​នេះ​តាំង​ពីនៅ​តូច​​តែ​ម្ដង។ ដូច្នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ប្រជា​ជន​នៅ​ទី​នេះ​បាន​ផ្ទេរ​ស្នាដៃ​ឲ្យ​គ្នា​រហូត​ ធ្វើ​ឲ្យ​ភូមិ​នេះ​ក្លាយ​ជា​ជង្រុក​អភិរក្ស​វប្បធម៌​​ខ្មែរ​ ផ្នែក​ចម្លាក់​។
ដោយសារ​ភូមិ​នេះ​​បាន​​ក្លាយ​ជា​តំបន់​ទេសចរណ៍​ ព្រោះ​មាន​ភ្ញៀវ​បរទេស​ចុះ​ទាំង​កប៉ាល់​ៗ​មក​ស្ទើរ​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​ប្រជាជន​បាន​បើក​ទូលាយ​ដល់​ការ​ចូល​ទស្សនា​នូវ​ការ​ឆ្លាក់​របស់​ ពួក​គេ។ ដូច្នេះ​បើ​ប្រិយ​មិត្ត​ មិត្ត​យុវវ័យ​ទៅ​ដើរ​លេង​នៅ​ឧត្តុង ​និង​ចង់​ទស្សនា​សិប្បកម្ម​​ជាង​ទង​ អាច​ទៅ​មើល​បាន​នៅ​​ភូមិ​កោះ​ចិននេះ។
អត្ថបទ &​រូប​ថត៖ មាស រ័ត្ន