ប្រជាជន
ដែលទៅលេងខេត្តសៀមរាប
ភាគច្រើនប៉ុនប៉ងទៅទស្សនាត្រឹមតែប្រាសាទអង្គរវត្ត។
លុះត្រាតែគេសល់ពេលច្រើន ទើបគេបន្តទៅលេងនៅប្រាសាទអង្គរធំ
ឬប្រាសាទដទៃទៀត។
ប៉ុន្តែបើបានទៅទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាប
ប្រាសាទបន្ទាយស្រីមិនគួរមើលរំលងឡើយ។
ប្រាសាទ
បន្ទាយស្រី ដែលស្ថិតនៅចម្ងាយប្រមាណជា៣០គីឡូម៉ែត្រ
ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរលើថ្នល់ក្រាលកៅស៊ូ
ក្នុងរយៈពេលមិនលើសពីមួយម៉ោង បានកប់ខ្លួននៅកណ្ដាលព្រៃ។
បើគេក្រឡេកមើលប្រាសាទនេះ
មានការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាមិនចាញ់ប្រាសាទបុរាណធំៗនៅ
ក្បែរក្រុងសៀមរាបប៉ុន្មានទេ។
ភ្ញៀវទេសចរបន្ដកន្ទុយគ្នាមកទស្សនាប្រាសាទនេះស្ទើរពុំលុះថ្ងៃណា
ឡើយ។ តើអ្វីដែលជាភាពទាក់ទាញរបស់ប្រាសាទបុរាណមួយនេះ?
ប្រាសាទ
បន្ទាយស្រីមានទំហំតូចជាងប្រាសាទនានា
ប៉ុន្តែប្រាសាទនេះមាននៅសេសសល់ក្បាច់ផ្កាភ្ញី រូបចម្លាក់លៀន
ឬលឹបលើជញ្ជាំង រូបឆ្មាំយាម
និងរូបចម្លាក់ដ៏គួរឲ្យចាប់អារម្មណ៍ដ៏ទៃទៀតជាច្រើន។ រូបចម្លាក់
និងក្បាច់ផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីនេះ គឺនៅល្អ
ព្រោះពុំត្រូវបានធ្វើឲ្យសឹករិចរិលដោយកត្តាធម្មជាតិ
ឬដោយមនុស្សឡើយ។
បើគេពិនិត្យមើល
ប្រាសាទបន្ទាយស្រីនេះទាំងមូលវិញ
គេនឹងឃើញមានថែវព័ទ្ធជុំវិញប្រាសាទ។ នៅក្នុងថែវប្រាសាទនេះ
គឺមានគូរទឹកព័ទ្ធជុំវិញ
លើកលែងតែច្រកចូលទៅកាន់ប្រាសាទនោះតែប៉ុណ្ណោះ។
តួប្រាសាទមានទំហំតូចជាងប្រាសាទអង្គរវត្តឆ្ងាយណាស់
ប៉ុន្តែហោជាងរបស់វាសុទ្ធតែមានក្បាច់ចម្លាក់គួរជាទីចាប់
អារម្មណ៍ ដែលមិននឹកស្មានដល់ ថាមនុស្សសម័យមុនអាចធ្វើបានឡើយ។
ប៉ុន្តែ
ការចូលទៅកៀកនឹងជញ្ជាំងប្រាសាទផ្ទាល់
ឬចូលទៅខាងក្នុងប្រាសាទត្រូវបានហាមឃាត់
ព្រោះដើម្បីបង្ការរូបចម្លាក់
និងក្បាច់ផ្កាភ្ញីដែលបន្សល់រាប់រយឆ្នាំមកហើយ
ឲ្យមានរូបរាងដូចដើម
ដើម្បីទុកឲ្យអ្នកស្រាវជ្រាវជំនាន់ក្រោយបានសិក្សាបន្ត។
ប្រាសាទ
បន្ទាយស្រីនៅមិនឆ្ងាយពីទីរួមខេត្តសៀមរាបប៉ុន្មានទេ
ព្រមទាំងមានផ្លូវល្អទៅដល់ទីនោះស្រាប់។ ដូច្នេះ
បើបានទៅទស្សនាប្រាសាទបុរាណនានា ក្នុងខេត្តសៀមរាប
ប្រាសាទបន្ទាយស្រី ដែលពោរពេញដោយក្បាច់រចនារស់រវើក
មិនគួរឲ្យមើលរំលងឡើយ៕
0 comments:
Post a Comment